Tuesday, April 4, 2017

សេចក្តីផ្តើម​ នៃនីតិព្រហ្មទណ្ឌទូទៅ

     
នីតិព្រហ្មទណ្ឌៈ    គឺជាផ្នែកមួយនៃនីតិដែលទាក់ទងយ៉ាងខ្លាំងទៅនឹងជីវភាព របស់មនុស្សនៅក្នុង សង្គមជាក់ស្តែង។ រឿងព្រហ្មទណ្ឌក៏ត្រូវបានផ្សព្វផ្សាយយ៉ាងខ្លាំងតាមរយៈប្រព្ធ័ផ្សព្វផ្សាយនានាក្នុងប្រទេស។ និយាយរួម នីតិព្រហ្មទណ្ឌជានីតិដែលឆ្លុះបញ្ចាំពីតម្លៃរបស់សង្គម។នីតិព្រទណ្ឌទូទៅសិក្សាពី បទល្មើស  ការទទួលខុសត្រូវព្រហ្មទណ្ឌ និង ទោស ។
        កម្មវត្ថុព្រហ្មទណ្ឌៈ  សង្គមមនុស្សតែងតែរៀបចំរបៀបទំនាក់ទំនងរវាងមនុស្សក្នុងសង្គម ដោយបង្កើតជាវិធានច្បាប់ជារឿយៗ ។ ក៏ប៉ុន្តែជានិច្ចកាល គេរមែងឃើញមានការរំលោភបំពានទៅលើវិធានច្បាប់ជារឿយៗ។ ហេតុដូច្នេះសង្គមត្រូវតែឆ្លើយតបទៅនឹងការរំលោភបំពានទាំងនេះវិញ ដោយធ្វើការដាក់ទណ្ឌកម្មទៅលើអ្នកដែលរំលោភបំពានទាំងអស់ ។ គោលបំណងរបស់នីតិព្រហ្មទណ្ឌ គឺការពារសង្គមប្រឆាំងអំពើ ឬអាកាប្បកិរិយាដែលផ្ទុយនឹងច្បាប់ ក្នុងគោលដៅការពារសណ្តាប់ធ្នាប់និងសន្តិសុខសាធារនៈ។ កម្មវត្ថុធំបំផុតរបស់នីតិ ព្រហ្មទណ្ឌគឺ បទល្មើស ។                 
          មុខងារនីតិព្រហ្មទណ្ឌៈ មុខងារចម្បងរបស់នីតិព្រហ្មទណ្ឌគឺជាមុខងារ បង្ក្រាប បានន័យថា បង្ក្រាបរាល់អំពើផ្ទុយច្បាប់ព្រហ្មទណ្ឌ។ ទន្ទឹងនឹងនេះ នីតិព្រហ្មទណ្ឌក៏មានមុខងារ បង្ការ ផងដែរ សម្រាប់ទណ្ឌិត និងសម្រាប់ជនដទៃទៀត ផង បានសេចក្តីថា នីតិព្រហ្មទណ្ឌធ្វើឲ្យជនទាំងឡាយភ័យខ្លាចនឹងទណ្ឌកម្មផ្សេងៗ ហើយលែងហ៊ានប្រព្រឹត្តអំពើល្មើសតទៅទៀត។  ជាចុងក្រោយបំផុត នីតិព្រហ្មទណ្ឌដើរតួនាទីជាអ្នកធ្វើឲ្យនីតិព្រហ្មទណ្ឌចូលក្នុងសង្គមវិញតាមរយៈវិធានការផ្សេងៗ ដូចជា ការអប់រំ  ជាដើម។
          នីតិព្រហ្មទណ្ឌត្រូវបានគេចាត់ទុកជានីតិមួយដែលមានលក្ខណៈចម្រុះ ។ ក្នុងន័យនេះ នីតិព្រហ្មទណ្ឌពុំគួរត្រូវបានចាត់ថាស្ថិតក្នុងនីតិឯកជន ឬនីតិសាធារណៈឡើយ ពីព្រោះថា នីតិព្រហ្មទណ្ឌការពារផលប្រយោជន៍ទូទៅ រួមទាំងផលប្រយោជន៍របស់បុគ្គលឯកជនផង ដូចជាការពារជនរងគ្រោះតាមរយៈការដាក់ទណ្ឌកម្មទៅលើជនល្មើសចំពោះបទរំលោភសេពសន្ថវៈ អំពើលួច ហើយក៏ការពារផលប្រយោជន៍របស់រដ្ឋផងដែរ ដូចជាការដាក់ទណ្ឌកម្មលើអំពើលួច ឬការពារផលប្រយោជន៍ របស់សង្គមទាំងមូលតែម្តងដូចជា ការពារបរិស្ថាន ។ល។

No comments:

Post a Comment