Tuesday, April 4, 2017

ការទទួលខុសត្រូវព្រហ្មទណ្ឌ

តាមគោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ បុគ្គលម្នាក់ៗត្រូវ ទទួលខុសត្រូវព្រហ្មទណ្ឌ តែចំពោះអំពើផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដោយបញ្ញត្តក្នុង  មាត្រា ២៤ នៃក្រមព្រហ្មទណ្ឌ ។ ផ្ទុយទៅវិញ ច្បាប់អាចអនុញ្ញាតឲ្យមានការទទួលខុសត្រូវរដ្ឋប្បវេណីចំពោះអំពើរបស់អ្នកដទៃ ដូចជា ការទទួលខុសត្រូវរបស់ឪពុកម្តាយ ចំពោះរបស់មូនដែលជាអនីតិជន និងការទទួលខុសត្រូវរបស់នីយោជក ពីអំពើរបស់និយោ
ជិត ជាដើម មាត្រា ៧៤៦ និង មាត្រា ៧៤៧ នៃក្រមរដ្ឋប្បវេណី។
ជំពូកទី១. ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល
        នីតិបុគ្គល  គឺជាក្រុមមនុស្ស    មូលនិធីដែលមានបុគ្គលភាពគតិយុត្ត ហើយជាម្ចាស់នៃសិទ្ធិ  និងកាតព្វកិច្ច។ ជាទូទៅនីតិបុគ្គលមានពីរប្រភេទគឺ៖  នីតិបុគ្គលសាធារសាធាណៈ (រដ្ឋ គ្រឹះស្ថានសាធារណៈ  រដ្ឋបាលថ្នាក់ក្រោមជាតិ ជាដើម) និង នីតិបុគ្គលឯកជន (ក្រុមហ៊ុន  សមាគម ជាដើម)។  ការទទួលខុសត្រូវរបស់នីតិបុគ្គល បានបញ្ញត្ត មាត្រា ៤២ នៃក្រមព្រហ្មទណ្ឌ។
ផ្នែកទី ១. លក្ខខណ្ឌនៃការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល
          មាត្រា ៤២ នៃក្រមព្រហ្មទណ្ឌ            នីតិបុគ្គលគ្រប់បរភេទសុទ្ធតែអាចទទួលខុសត្រូវព្រហ្មទណ្ឌ  រួមទាំងនីតិបុគ្គលសាធារណៈផង។ ប៉ុន្តែ រដ្ឋ ដែលជានីតិបុគ្គលសាធារណៈ ពុំទទួលខុសត្រូវព្រហ្មទណ្ឌទេ។
        ក.អត្ថិភាពនៃច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្ត   
        នីតិបុគ្គលត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ កាលបើច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត បានចែងយ៉ាងជាក់ច្បាស់ថា នីតិបុគ្គលទទួលខុសត្រូវព្រហ្មទណ្ឌចំពោះ បទល្មើសណាមួយជាកំណត់។
          មាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ អំពីបទឃាតកម្ម ក្រមព្រហ្មទណ្ឌមិនបានចែងពីការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលទេ  មានន័យថា នីតិបុគ្គលមិនអាចត្រូវបានប្រកាសថាទទួលខុសត្រូវ ព្រហ្មទណ្ឌពី បទឃាតកម្ម បានឡើយ។
        ខ.បទល្មើសប្រព្រឹត្តដោយអង្គការ ឬ អ្នកតំណាងនីតិបុគ្គល
        នីតិបុគ្គល ​ គឺជាបុគ្គលដែលកើតឡើងពីការសន្មតរបស់ច្បាប់។  នីតិបុគ្គលរមែងុមានអង្គការតំណាងក្រោមរូបភាពជាក្រុមប្រឹក្សា ឬអ្នកតំណាងរូបវន្តបុគ្គល ដែលធ្វសកម្មភាពតំណាងឲ្យនីតិបុគ្គលជានិច្ច។
        គ.ការប្រព្រឹត្តដើម្បីជាប្រយោជន៍ដល់នីតិបុគ្គល
          មានតែការប្រព្រឹត្តបទល្មើស ដើម្បីជាផលប្រយោជន៍ដល់នីតិបុគ្គលតែប៉ុណ្ណោះ ដែលជាកត្តាធ្វើឲ្យនីតិបុគ្គលទទួលខុសត្រូវព្រហ្មទណ្ឌ។  ប្រយោជន៍សំដៅខាងសេដ្ឋកិច្ចដែលមានលក្ខណៈច្បាស់លាស់ ។ ឧទាហរណ៍៖ ប្រសិនបើក្រុមហ៊ុនមិនចាត់វិធានការបានត្រឹមត្រូវ ធ្វើឲ្យកម្មករស្លាប់បាត់បង់ជីវិត នោះអ្នកទទួលខុសត្រួវរបស់ក្រុមហ៊ុននឹងត្រូវប្រកាសថាទទួលខុសត្រូវព្រហ្មទណ្ឌពី  បទមនុស្សដោយអចេតនាបាន។
ផ្នែកទី ២.ការដាក់ទណ្ឌកម្មលើនីតិបុគ្គល
        យោងមាត្រា ១៦៧ នៃក្រមព្រហ្មទណ្ឌ បានកំណត់ពីទោសទាំងឡាយសម្រាប់នីតិបុគ្គលមាន៖
     ទោសពិន័យក្នុងឋានៈជាមូលទោស
     ទោសបន្ថែមដែលរៀបរាប់នៅក្នុងមាត្រា ១៦៨ នៃក្រមព្រហ្មទណ្ឌ។
ទោសបន្ថែមសម្រាប់នីតិបុគ្គលអាចប្រកាសដោយតុលាការ ប្រសិនបើទោនោះត្រូវបានចែងយ៉ាងជាក់លាក់ចំពោះបទល្មើសដែលចោទប្រកាន់។ តាមមរត្រា ១៦៨ នៃក្រមព្រហ្មទណ្ឌ ទោសបន្ថែមសម្រាប់អនុវត្តលើនីតិបុគ្គលមាន ដូចតទៅ៖
១.ការរំលាយចោល។
២.ការដាក់នៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ។
៣.ការហាមឃាត់ចំពោះការអនុវត្តសកម្មភាពមួយ ឬច្រើន។
៤.ការបណ្តេញចេញពីលទ្ធកម្មសាធារណៈ ។
៥.ការហាមឃាត់ចំពោះការអំពាវនាវជាសាធារណៈដល់ការសន្សំសំចៃ។
៦.ការហាមឃាត់ចំពោះឧបករណ៍អាចជួញដូរបាន ក្រៅពីឧបករណ៍អាចជួញដូឬបានដែលកំណត់ដោយធនាគារ។
៧.ការហាមឃាត់ចំពោះការប្រើបណ្ណទូទាត់។
៨.ការបិទគ្រឹះស្ថានដែលប្រើសម្រាប់ធ្វើការរៀបចំ ឬប្រព្រឹត្តបទល្មើស។
៩.ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថានដែលបើកចំហដល់សាធារណៈជន ឬដែលបានប្រើប្រាស់ដោយសាធារណៈជន ។
១០.ការរឹមអូសឧបករណ៍ សម្ភរៈ ឬ វត្ថុណាមួយដែលប្រើប្រាស់ ប្រព្រឹត្តបទល្មើស ឬដែលមានគោលដៅសម្រាប់ប្រព្រឹត្តបទល្មើស។
១១.ការរឹបអូសវត្ថុ ឬមូលនិធិដែលជាកម្មវត្ថុ នៃបទល្មើស។
១២.ការរឹបអូសផលទុន ឬទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស។
១៣.ការរឹបអូសឧបភោគភណ្ឌ  សម្ភារៈ  និងចលនវត្ថុក្នុងទីកន្លែង ដែលបទល្មើសបានប្រព្រឹត្ត។
១៤.ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស  ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព៌តមានសរសេរ ឬការផ្សាយតាមទូរគមនាគមន៍សោតទស្សន៍។
ជំពូកទី១. ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់អនីតិជន
          ជាគោលការណ៍ គេមិនអាចឲ្យជនដែលមិនដឹងខុសត្រូវពីភាពធ្ងន់ធ្ងរនៃអំពើរបស់ខ្លួន ឲ្យទទួលខុសត្រូវព្រហ្មទណ្ឌ។ ប្រសិនបើក្មេងមានអាយុ ៥ ឆ្នាំ ម្នាក់បានចាក់សម្លាប់ក្មេងម្នាក់ទៀត ក្មេងដែលបានប្រព្រឹត្តអំពើល្មើសមិនអាចទទួលខុសត្រូវព្រហ្មទណ្ឌបានទេ ដោយសារតែក្មេង ៥ ឆ្នាំ នោះមិនមានសមត្ថភាពដឹងខុសត្រូវអំពើរបស់ខ្លួនឡើយ។
ផ្នែកទី ១.វិធានការអនុវត្តចំពោះអនីតិជនក្រៅពីទោស
ក្នុងករណីដែលអនីតិជន បានប្រព្រឹត្តបទល្មើស ត្រូវស្ថិតនៅក្រោមការការពាររបស់តុលាការ តុលាការចាត់តាំងបុគ្គលមួយរូបឲ្យទទួលភារៈធ្វើការតាមដានអនីតិជនរូបនេះ ។
មាត្រា ៣៩ មាត្រា ៤០ និង មាត្រា ៤១ នៃក្រមព្រហ្មទណ្ឌ តុលាការជាស្ថាប័នមានសមត្ថកិច្ចក្នុងការចាត់វិធានការដែលបានរៀបរាប់នៅមាត្រា ៤០ នៃក្រមព្រហ្មទណ្ឌ ប៉ុន្តែក្រមព្រហ្មទណ្ឌដូចជា ក្រមនីតិវិធីព្រហ្មទណ្ឌពុំបានចែងលំអិតអំពីនីតិវិធីពិសេស សម្រាប់ការចាត់វិធានការទាំងអស់នេះឲ្យមានប្រសិទ្ធិភាពនោះទេ។
ផ្នែកទី ២.ទណ្ឌកម្មព្រហ្មទណ្ឌលើអនីតិជន
សម្រាប់អនីតិជនអាយុចាប់ពី ១៤ ឆ្នាំ ឡើងទៅ តុលាការអាចប្រកាសទណ្ឌកម្មបាន។ ទណ្ឌកម្មព្រហ្មទណ្ឌដែលក្រមព្រហ្មទណ្ឌសំដៅដល់គឺ ទោស នេះតែម្តង។ ការកំណត់អាយុ ១៤ ឆ្នាំ សម្រាប់លទ្ធភាពនៃការប្រកាសទណ្ឌកម្ម ស្របតាមបញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលអនុញ្ញាត ឲ្យមានការឃុំខ្លួនជនត្រូវចោទ ឬជនជាប់ចោទជាបណ្តោះអាសន្ន ។ ចំពោះអនីតិជនមានអាយុចាប់ពី ១៤ ឆ្នាំ ដល់ ១៨ ឆ្នាំ ក្នុងលក្ខខណ្ឌកំណត់ដោយច្បាប់ និងក្នុងថិរវេលាក្នុងការឃុំខ្លួនបណ្តោះអាសន្ន (មាត្រា ២១៣ និង មាត្រា ២១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ។
ចំនែកអនីតិជនមានអាយុក្រោម ១៤ ឆ្នាំ វិញ មិនអាចត្រូវទទួលរងនូវការផ្តន្ទាទោសណាមួយឡើយ ទោះបីជាអនីតិជននោះបានប្រព្រឹត្តបទល្មើសប្រភេទណាក៏ដោយ (មាត្រា ២១២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ)  ក៏ប៉ុន្តែតុលាការអាចចាត់វិធានការណាមួយដូចមានចែងនៅមាត្រា ៤០ នៃក្រមព្រហ្មទណ្ឌបាន។
ក្នុងករណីដែលអនីតិជនដែលមានអាយុចាប់ពី ១៤ ឆ្នាំ ដល់ក្រោម ១៨​ ឆ្នាំ បានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ដូចជា បទឃាតកម្ម ជាដើម កាលៈទេសៈនៃការប្រព្រឹត្តបទល្មើសនេះអាចជាមូលហេតុឲ្យតុលាការប្រកាសទណ្ឌកម្មព្រហ្មទណ្ឌលើអនីតិជនបាន។
ក្នុងករណីដែលអនីតិជនអាយុចាប់ពី ១៤ ឆ្នាំ ដល់ ១៨ ឆ្នាំ បានលួចស្បែកជើងមួយគូរ តើកាលៈទេសៈនៃការប្រព្រឹត្តបទល្មើសនេះតម្រូវឲ្យតុលាការប្រកាសទោសលើអនីតិជនបានដែរឬទេ?  ការដែលតុលាការត្រូវប្រកាសដាក់ទណ្ឌកម្មលើអនីតិជន ត្រូវបន្ថយក្នុងលក្ខខណ្ឌដូចមានចែងនៅមាត្រា ១៦០ នៃក្រមព្រហ្មទណ្ឌ ៖
     អតិបរមានៃទោសដាក់ពន្ធនាគារ ត្រូវបន្ថយពាក់កណ្តាល។
     ប្រសិនអតិបរមានៃទោសដាក់ពន្ធនាគារ គឺជាទោសដាក់ពន្ធនាគារអស់មួយជីវិត អតិបរមាត្រូវបន្ថយមកដាក់ពន្ធនាគារ ២០ ឆ្នាំ។
     អប្បរមានៃទោសដាក់ពន្ធនាគារត្រូវបន្ថយពាក់កណ្តាល ប្រសិនបើអប្បរមានេះលើសពី ១ ថ្ងៃ។
     អប្បរមា និងអតិបរមានៃទោសពិន័យជាប្រាក់ត្រូវបន្ថយពាក់កណ្តាល។
ជំពូកទី៣. មូលហេតុនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌ
          ការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ បណ្តាលមកពីមូលហេតុណាមួយដែលច្បាប់ព្រហ្មទណ្ឌចាត់ទុថា ជាមូលហេតុត្រឹមត្រូវ ច្បាប់មិនតម្រូវឲ្យអ្នកប្រព្រឹត្តទទួលខុសត្រូវព្រហ្មទណ្ឌឡើយ។
          មូលហេតុដែលនាំឲ្យមិនមានការទទួលខុសត្រូវព្រហ្មទណ្ឌ អាចចែកជាពីរប្រភេទគឺ ៖ មូលហេតុអត្តនោម័ត  និង មូលហេតុសត្យានុម័ត
ផ្នែកទី១.មូលហេតុអត្តនោម័តនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌ
          មូលហេតុហេតុអត្តនោម័តនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌតាមក្រមព្រហ្មទណ្ឌរួមមាន៖
          ក.វិបល្លាសស្មារតី
        មាត្រា ៣១ នៃក្រមព្រហ្មទណ្ឌចែងថាៈ កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាសស្មារតីដែលធ្វើឲ្យបាត់បង់នូវការដឹងខុសត្រូវរបស់ខ្លួន ជននោះមិនទទួលខុសត្រូវព្រហ្មទណ្ឌទេ ។ ដោយសារតែប្រពន្ធ័សរសៃប្រាសាទមានសកម្មភាពមិនប្រក្រតី ចារីបានបាត់បង់នូវលទ្ធភាពការយល់ដឹងពីពិភពខាងក្រៅជុំវិញខ្លួន ហើយពុំអាចត្រួតពិនិត្យសកម្មភាពរបស់ខ្លួនបាន។
          ជាទូទៅភស្តុតាងនៃវិបល្លាសស្មាតីត្រូវបញ្ជាក់ដោយវេជ្ជបណ្ឌិតជំនាញ ក៏ប៉ុន្តែយោបល់ទាំងនោះពុំមានអានុភាពចងជាកាតព្វកិច្ចឲ្យចៅក្រមត្រូវតែជឿតាមទេ ពោលគឺចៅក្រមអាចជឿក៏បាន មិនជឿក៏បាន។  ជននោះគឺស្ថិតនៅក្រោមអាណាព្យាបាលទូទៅ (មាត្រា ២៤ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ ។
          ខ.កំលាំង ឬ ការបង្ខំ
          មាត្រា ៣៦ នៃក្រមព្រហ្មទណ្ឌចែងថាៈ បុគ្គលដែលប្រព្រេត្តបទល្មើសក្រោមអានុភាពនៃកំលាំង ឬ ការបង្ខំ ដែលបុគ្គលនោះមិនអាចទប់ទល់បាន បុគ្គលនោះមិនទទួលខុសត្រូវព្រហ្មទណ្ឌឡើយ។ មាត្រា ៩៦ចែងថាៈ កាលបើមានភស្តុតាងថា មានកំកំលាំងអ្វីមួយបានបង្ខំ ជនណាម្នាក់ឲ្យប្រព្រឹត្តបទល្មើសអ្វីមួយ ហើយជននោះកាលមិនអាចទប់ទល់នឹងកំលាំងនោះបានទេ ក៏ប្រព្រឹត្តបទល្មើសនោះទៅ ។  ជនប្រព្រឹត្តបទល្មើសនេះមិនត្រូវឲ្យទទួលខុសត្រូវចំពោះអំពើដែលខ្លួនបានប្រព្រឹត្តឡើយ ។
        ខ.១.ប្រភេទនៃកម្លាំង ឬ ការបង្ខំ
           ខ.១.១. ការបង្ខំលើរូបកាយ
        ការបង្ខំមកពីកម្លាំងពីខាងក្រៅ ដូចជា កម្លាំងមកពីព្រឹត្តិការណ៍ធម្មជាតិ មកពីសត្វ ឬមកពីតតិយជនណាមួយ ។​ឧទាហរណ៍៖ ខ្យល់ព្យុះ ឬ រន្ទះបាញ់ ជាដើម ។
        ខ.១.២.ការបង្ខំអាចមកពីកម្លាំងផ្ទាល់របស់ចារី
          បណ្តាលមកពីអ្នកបើកបររមូលសរសៃជើងជាន់នៅលើឈ្នាន់ល្បឿន បង្កឲ្យកើតជាគ្រោះថ្នាក់ចរាចរណ៍។  បទបើកបរបណ្តាលឲ្យស្លាប់អ្នកដ៏ទៃដោយអចេតនា បានឡើយ។
        ខ.២.ការបង្ខំលើផ្លូវចិត្ត
          ការបង្ខំលើផ្លូវចិត្តសំដៅលើកម្លាំងដែលបង្ខំឆន្ទៈរបស់ចារី។ ការបង្ខំផ្លូវចិត្តក៏អាចជាមូលហេតុនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌបានដែរ ការបង្ខំនេះមាន ប្រភពមកពីព្រឹត្តការណ៍ក្រៅឆន្ទះរបស់ចារី ។ ជម្រុញឲ្យចារីមិនអាចបញ្ចៀសបានពីការប្រព្រឹត្តបទល្មើស។ ឧទាហរណ៍៖ គណនេយ្យម្នាក់ត្រូវបានខ្មាន់កាំភ្លើងភ្ជង់ឲ្យប្រគល់ប្រាក់ដែលខ្លួនកំពុងកាន់កាប់ឲ្យទៅខ្មាន់កាំភ្លើង។
          ផ្នែកទី២.មូលហេតុសត្យានុម័តនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ឬ យុត្តិកម្មនៃបទល្មើស
          អំពើនេះត្រូវផ្តន្ទាទោសតាមច្បាប់ តែត្រូវបានចាត់ទុកថា ជាការអនុវត្តសិទ្ធិ ឬជាការបំពេញកាតព្វកិច្ច អំពើនេះកើតឡើងដោយសារតែផលប្រយោជន៍ស្របច្បាប់។
        ក.ការអនុញ្ញាតដោយច្បាប់ ឬ អាជ្ញាធរ
          មាត្រា ៣២ នៃក្រមព្រហ្មទណ្ឌចែងថា៖ បុគ្គលណាដែលប្រព្រឹត្តអំពើដែលបានបញ្ញត្ត ឬអនុញ្ញាតាមច្បាប់ បុគ្គលនោះមិនប្រព្រឹត្តបទល្មើសទេ ។ បុគ្គលណាដែលប្រព្រឹត្តអំពើតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់ បុគ្គលនោះមិនប្រព្រឹត្តបទល្មើសទេ លើកលែងតែអំពើនេះជាអំពើខុសច្បាប់យ៉ាងជាក់ច្បាស់ មាត្រា ៩៩ នៃក្រមព្រហ្មទណ្ឌចាស់បានចែងថា ៖ មិនទុកជាអំពើល្មើសក្នុងបទព្រហ្មទណ្ឌទេ កាលណាបើអំពើទាំងឡាយនោះធ្វើតាមបង្គាប់ច្បាប់ ហើយអ្នកបញ្ជាឲ្យធ្វើក៏ជាអាជ្ញាធរធម្មានុរូបដែរ។ ក្នុងមាត្រា ១០០ នៃក្រមព្រហ្មទណ្ឌចាស់ដដែលបានបញ្ជាក់បន្ថែមថា ៖ ក្នុងករណីដែលមានសេចក្តីបង្គាប់ជាអនីត្យានុកូល ហើយអ្នកបញ្ជាជាអាជ្ញាធរធម្មានុរូបនោះ ចៅក្រមត្រូវថ្លឹងមើលតាមការណ៍គួរ នូវភាពនៃការទទួលខុសត្រូវក្នុងបទព្រហ្មទណ្ឌ
របស់ភ្នាក់ងារអ្នកសម្រេចការនោះផង ។
        ក.១.ការអនុញ្ញាដោយច្បាប់
          ក្នុងករណីនេះច្បាប់បញ្ញត ឬ អនុញ្ញតឲ្យប្រព្រឹត្តអំពើណាមួយហើយច្បាប់មិនអនុញ្ញាត្តឲ្យផ្តន្ទាទោស លើអំពើដែលកើតចេញពីការបំពេញកាតព្វកិច្ចតម្រូវដោយច្បាប់ ។
          ក.២.ការអនុញ្ញាតដោយអាជ្ញាធរ
          មាត្រា ៣២ កថាខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌចែងថាៈ បុគ្គលណាដែលប្រព្រឹត្តអំពើតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់ បុគ្គលនោះមិនប្រព្រឹត្តបទល្មើសទេ លើកលែងតែអំពើនេះជាអំពើខុសច្បាប់យ៉ាងជាក់ច្បាស់។
                   ក.២.១.អាជ្ញាធរស្របច្បាប់
        សំដៅដល់អាជ្ញាធរសាធារណៈ ដែលជាអាជ្ញាធររដ្ឋបាល អាជ្ញាធរតុលាការ ឬអាជ្ញាធរយោធា ដែលមានអំណាចតាមផ្លូវច្បាប់ក្នុងការបញ្ជាឲ្យអនុវត្តច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ។
                ក.២.២.បញ្ជាស្របច្បាប់
          ក្រមព្រហ្មទណ្ឌមិនអនុញ្ញាតឲ្យជនដែលប្រព្រឹត្តបទល្មើស តាមបញ្ជារបស់អាជ្ញាធរស្របច្បាប់ រួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌឡើយ ប្រសិនបើអំពើនោះជាអំពើខុសច្បាប់ យ៉ាងជាក់ច្បាស់។ អ្នកទទួលបញ្ជាអាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌបានដោយផ្អែកលើមាត្រា ៣២ នៃក្រមព្រហ្មទណ្ឌ។
          ខ.ការការពារស្របច្បាប់
          មាត្រា ៣៣ កថាខណ្ឌទី ១ នៃក្រមព្រហ្មទណ្ឌ មិនឲ្យបុគ្គលណាដែលប្រព្រឹត្តបទល្មើសក្នុងសភាពការពារស្របច្បាប់ទទួលខុសត្រូវព្រហ្មទណ្ឌឡើយ។ កថាខណ្ឌទី ២ នៃមាត្រា ៣៣ កំណត់ពីលក្ខខណ្ឌនៃការការពារស្របច្បាប់ដូចតទៅ៖
     បទល្មើសត្រូវចាត់ទុកថា ត្រឹមត្រូវដោយការចាំបាច់ ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬ ការពារទ្រព្យសម្បត្តិប្រឈមមុខនឹងការពារឈ្លានពានមួយដែលមិនត្រឹមត្រូវ។
     បទល្មើស និងការឈ្លានពានត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា និង
     គ្មានវិសមាមាត្រ​រវាងមធ្យោបាយការពារដែលប្រើប្រាស់ និងទម្ងន់នៃការ
ឈ្លានពាន។
ខ.១.លក្ខខណ្ឌនៃការការពារស្របច្បាប់
          មាត្រា ៣៣ កថាខណ្ឌទី ២ នៃក្រមព្រហ្មទណ្ឌ  ការឈ្លានពាន និងកាការពារ ត្រូវមានលក្ខណៈមួយចំនួនដើម្បីការការពារក្លាយជាយុត្តិកម្មនៃបទល្មើស។
                   ខ.១.១.ការឈ្លានពារ
          ចំណុចទី១ កថាខណ្ឌទី ២ នៃមាត្រា ៣៣ នៃក្រមព្រហ្មទណ្ឌ ការឈ្លានពានត្រូវកើតឡើងមុនពេលមានការការពារ ពីព្រោះថាអំពើការពារធ្វើឡើងដោយការចាំបាច់ដើម្បីការពារ ប្រឈមមុខនឹង ការឈ្លានពានណាមួយ។ ការឈ្លានពានជាមុន គឺជាធាតុផ្សំចាំបាច់នៃការការពារស្របច្បាប់។ ការឈ្លានពាននេះអាចធ្វើទៅលើទ្រព្យសម្បត្តិ ឬរូបកាយរបស់អ្នកការពារផ្ទាល់ ឬទៅលើតតិយជនក៏បានដែរ។
ខ.១.២.ការការពារ
          ការការពារទៅនឹងអំពើឈ្លានពានណាមួយ ស្តែងឡើងតាមរយៈការតបតពីសំណាក់ជនដែលទទួលរងនូវការឈ្លានពាននោះ។ អំពើការពារអាចជារូបភាព ប្លែកៗពីគ្នាដូចជា ការសម្លាប់ ការប្រើហិង្សា ជាដើម។  ការប្រព្រឹត្តអំពើខ្លះ មិនត្រូវបានចាត់ទុកថា ជាអំពើការពារនៃការការពារស្របច្បាប់នោះឡើយ ដូចជាការរំលោភសេពសន្ថវៈ ឬការធ្វើទារុណកម្ម ជាដើម។
     ការការពារត្រូវតែកើតឡើងក្នុងពេលជាមួយគ្នានឹងការឈ្លានពាន
ការការពារត្រូវតែកើតឡើងក្នុងពេលជាមួយគ្នានឹងការឈ្លានពាន មានន័យថា ការការពារត្រូវតែធ្វើឡើងភ្លាមៗ ក្នុងខណៈដែលការឈ្លានពានបានកើតឡើង។
     ការការពារត្រូវតែចាំបាច់
ការការពារត្រូវតែចាំបាច់ សម្រាប់ស្រោចស្រង់ដល់ផលប្រយោជន៍ដែលត្រូវបានគំរាមកំហែង មានន័យថាៈ ការការពារត្រូវតែជាការចាំបាច់ ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិ។ ប្រតិកម្មតបតរបស់អ្នកការពារ គឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ជៀសការឈ្លានពាន។
     មធ្យោបាយការពារដែលប្រើប្រាស់ត្រូវតែគ្មានវិសមាមាត្រជាមួយនឹងទម្ងន់នៃការឈ្លានពាន
មធ្យោបាយការការពារដែលបានប្រើប្រាស់ត្រូវតែឆ្លើយតបទៅនឹងភាពធ្ងន់ធ្ងរ នៃការឈ្លានពានមិនត្រឹមត្រូវ។ (មាត្រា ៧៥៥ កថាខណ្ឌទី ១ នៃក្រមរដ្ឋប្បវេណី ) កាលបើអំពើមួយត្រូវបានចាត់ទុកថាជាការការពារស្របច្បាប់ហើយ ចារីមិនត្រឹមតែមិនទទួលខុសត្រូវព្រហ្មទណ្ឌប៉ុណ្ណោះទេ គឺថែមទាំងត្រូវទទួលខុសត្រូវរដ្ឋប្បវេណីទៀតផង។
        គ.ស្ថានភាពចាំបាច់
        ស្ថានភាពចាំបាច់ គឺជាស្ថានភាពរបស់បុគ្គលម្នាក់ដែលឈានទៅដល់ការប្រព្រឹត្តបទល្មើសណាមួយ  ដោយសារតែមានបំណងចង់ជួយស្តារនូវផលប្រយោជន៍ មួយផ្សេងទៀតដែលត្រូវបានគំរាមកំហែងដោយគ្រោះថ្នាក់ដែលកំពុងកើតមាន  ឬដែលនឹងកើតមាន ។
          ចំពោះស្ថានភាពចាំបាច់ ចារីមានជម្រើសពីរយ៉ាងគឺ ៖
     ទទួលយកការខូចខាតដែលនឹងត្រូវកើតមានឡើង ដោយសុខចិត្តបដិសេធមិនព្រមប្រព្រឹត្តបទល្មើស។
     ត្រូវតែប្រព្រឹត្តបទល្មើសដើម្បីបញ្ជៀសការខូចខាត។
ស្ថានភាពចាំបាច់ត្រូវបានចាត់ទុកថាជាយុត្តិកម្មនៃបទល្មើស  តាម មាត្រា ៣៥ នៃក្រមព្រហ្មទណ្ឌចែងថា៖ បុគ្គលដែលស្ថិតនៅក្នុងការចាំបាច់ត្រូវតែប្រព្រឹត្តបទល្មើស មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ។ ស្ថានភាពចាំបាច់ត្រូវមានលក្ខណៈដូចខាងក្រោមនេះ៖
     បទល្មើសត្រូវបានចាត់ទុកថាត្រឹមត្រូវដោយចាំបាច់ ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិ ប្រឆាំងនឹងគ្រោះថ្នាក់ដែលកំពុងកើតមាន ឬដែលនឹងកើតមាន និង
     គ្មានវិសមាមាត្ររវាងមធ្យោបាយការពារ និងទម្ងន់នៃគ្រោះថ្នាក់។
        ១.គ្រោះថ្នាក់កំពុងមាន ឬ ដែលនឹងកើតមាន
          ជនដែលប្រព្រឹត្តបទល្មើសដោយសារស្ថានភាពចាំបាច់ ត្រូវរកភស្តុតាងអំពី គ្រោះថ្នាក់ ដែលជម្រុញឲ្យប្រព្រឹត្តបទល្មើស។ ឧទាហរណ៍៖ ដើម្បីកុំឲ្យកូនស្លាប់ដោយអត់អាហារម្តាយបានសម្រេចចិត្តលួចបាយ ឬ អង្ករយកមកចំអិនដើម្បីចិញ្ចឹមកូន។ នេះគឺជាការបញ្ជៀសពីគ្រោះថ្នាក់ដល់អាយុជីវិតកូនរបស់ចារីដែលបានប្រព្រឹត្តអំពើលួច។ ឧទាហរណ៍៖ បុរសម្នាក់បានដុតសំបុកឃុំចោលរបស់អ្នកជិតខាង តែតាមពិតឃុំមិនបានទិចទេ គឺជាគ្រោះថ្នាកើយថាហេតុ ពុំមានភាពចាំបាច់ទេ ។ ការដុតសំបុកឃុំត្រូវផ្តន្ទាទោសពុំមែនជាស្ថានភាពចាំបាច់ទេ ។
        ២.ការការពារជាចាំបាច់
        ដើម្បីឲ្យមានយុត្តិកម្ម បទល្មើសដែលប្រព្រឹត្តដោយចារី ត្រូវតែជាអំពើចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិ។ ត្រង់ចំនុចនេះមានន័យថាការប្រព្រឹត្តបទល្មើសជាជម្រើសដ៏ប្រសើរបំផុត និងជាជម្រើសតែមួយគត់ដើម្បីបញ្ជៀសគ្រោះថ្នក់បាន។ ឧទាហរណ៍ ៖ នារីម្នាក់បានសម្រេចចិត្តលួចសាច់គោគេ ដើម្បីឲ្យកូនរបស់នាងបរិភោគនូវអាហារឆ្ងាញ់ជាងធម្មតា មិនអាចលើកសំអាងភាពចាំបាច់ ដើម្បីឲ្យរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌឡើយ។
        ៣.ការការពារដែលគ្មានវិសមាមាត្រជាមួយនឹងទម្ងន់គ្រោះថ្នាក់
          ចារីត្រូវរកភស្តុតាងមកបង្ហាញឲ្យឃើញច្បាស់ថា  បទល្មើសដែលខ្លួនបានប្រព្រឹត្តមានលក្ខណៈសមាមាត្រទៅនឹងភាពថ្ងន់ធ្ងរនៃគ្រោះថ្នាក់។  ផលវិបាកនៃបទល្មើសត្រូវតែមានតម្លៃតិចជាង ឬស្មើនឹងតម្លៃដែលចារីមានបំណងចង់ជួយស្រោចស្រងសង្រោះ។ ឧទាហរណ៍៖ អំពើរបស់អ្នកបើកបររថយន្តម្នាក់ ដែលបានសម្រេចបើកបររថយន្តរបស់គាត់ទៅប៉ះជញ្ជាំងផ្ទះរបស់តតិយជន ក្នុងគោលបំណងដើម្បីបញ្ជៀសការប៉ះទង្គិចដល់អ្នកថ្មើរជើងម្នាក់ ក្នុងករណីនេះ គួរតែចាត់ទុកស្ថានភាពចាំបាច់ដែលមានលក្ខណៈសមាមាត្រ។ ក្នុងន័យនេះ អ្នកបើកបររថយន្តមិនត្រូវទទួលខុសត្រូវពី បទធ្វើឲ្យខូចខាតដោយចេតនា ឡើយ ។

No comments:

Post a Comment